ក្រសួងឧស្សាហកម្ម ដាក់ប្រើប្រាស់បន្ទប់បំបៅកូនដោយទឹកដោះម្តាយសម្រាប់មន្ត្រីរាជការស្រ្តី

ក្រសួងឧស្សាហកម្ម ដាក់ប្រើប្រាស់បន្ទប់បំបៅកូនដោយទឹកដោះម្តាយសម្រាប់មន្ត្រីរាជការស្រ្តី

By

បន្ទប់បំបៅកូនដោយទឹកដោះម្តាយ ដែលស្ថិតនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រកាសដាក់ឲ្យដំណើរការបន្ទប់បំបៅកូនដោយទឹកដោះម្តាយជាផ្លូវការហើយ កាលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

ពិធីដាក់ឲ្យដំណើរការនេះ ត្រូវបានធ្វើឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ Helen Keller, គម្រោង MUSEFO នៃអង្គការ GIZ និងដោយមានការចូលរួមពីក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ, ក្រោមវត្តមាន ឯកឧត្តម គឹម ទួច រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍។

នាពេលនោះ ឯកឧត្តម គឹម ទួច រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងឧស្សាហកម្ម បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្ថានភាព និងសុខមាលភាពរបស់មន្ត្រីរាជការ ជាពិសេសបងប្អូនជាស្ត្រី  និងដោយមើលឃើញពីអត្ថប្រយោជន៍នៃទឹកដោះម្តាយ ដែលជាអាហារូបត្ថម្ភដ៏មានសារៈសំខាន់បំផុត ក្នុងការចិញ្ចឹមទារកនិងកុមារចាប់ពីសូន្យខែ រហូតដល់២ឆ្នាំ។

ឯកឧត្តមបន្តថា ទឹកដោះម្តាយតែមួយមុខ ពិតជាបានរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភ ទារក និងកុមារនៅកម្ពុជា ឱ្យមានភាពប្រសើរឡើង និងបានធ្វើឱ្យសុខភាពមាតា ទារក និងកុមារ មានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ មានIQ ខ្ពស់ និងជួយកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ ផងដែរ។

ដោយយល់ពីអត្ថប្រយោជន៍ទាំងនេះហើយ ទើបក្រសួងមានគំនិតផ្តួចផ្តើមក្នុងការបង្កើតបន្ទប់បំបៅដោះកូននេះឡើង ក្នុងគោលបំណងដើម្បីជួយសម្រួលដល់មន្រ្តីរាជការជាស្រ្តីដែលមានកូនតូច មានកន្លែងសមរម្យ ក្នុងការបន្តបំបៅដោះកូន នៅកន្លែងធ្វើការ ប្រកបដោយអារម្មណ៍ស្រស់ស្រាយ កក់ក្តៅ និងភាពជឿជាក់ នៅពេលពួកគាត់ត្រលប់មកបំពេញការងារនៅអង្គភាពវិញក្រោយការសម្រាកមាតុភាពរយៈពេល៣ខែ។

ទន្ទឹមនឹងការលើកឡើងនេះ លោក ហ៊ូ ក្រើន តំណាងអង្គការ Helen Keller បានលើកឡើងដែរ ការបង្កើតឲ្យមានបន្ទប់បំបៅដោះកូននេះឡើង ពិសេសគម្រោងលើកកម្ពស់អាហារូបត្ថម្ភនិងការចិញ្ចឹមកកនិងកុមានៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការ គឺពិតជាបានកាត់បន្ថយថ្លៃថែទាំសុខភាពសម្រាប់ម្ដាយនិងកូន កាត់បន្ថយការអវត្តមានបុគ្គលិក, បង្កើនផលិងភាពការងារ ពិសេសជួយស្រ្តីឲ្យពួកគេមានឱកាសចូលរួមក្នុងសកម្មភាពសំខាន់ៗជាច្រើនថែមទៀត។

គួរបញ្ជាក់ដែរថា តាមរយៈការដាក់ប្រើប្រាស់បន្ទប់បំបៅកូនដោយទឹកដោះម្តាយសម្រាប់មន្ត្រីរាជការស្រ្តី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលនេះ ភាគីពាក់ព័ន្ធដែលមានវត្តមានក្នុងកម្មវិធីនេះ ក៏បានបង្ហាញក្តីសង្ឃឹមថា បន្ទប់នេះនឹងចូលរួមអនុវត្តភារប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹក ដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឲ្យបានដល់៨៥% នៅឆ្នាំ២០៣០ផងដែរ៕ អត្ថបទ៖ សែម ពិសី

 

Prev Post

កម្ពុជា បង្កើតគណៈកម្មការរៀបចំតាក់តែងច្បាប់ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ “

Next Post

កម្ពុជា ស្នើADBជួយផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការតបណ្តាញទឹកស្អាតក្នុងខេត្តចំនួន២

post-bars