កម្ពុជា ប្តេជ្ញាធានាឲ្យបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្ម ក្នុងកិច្ចប្រជុំG20

កម្ពុជា ប្តេជ្ញាធានាឲ្យបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្ម ក្នុងកិច្ចប្រជុំG20

By

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនៃប្រទេសG20 ( G20 Agriculture Minister Meeting) កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រីកសិកម្មកម្ពុជា បានប្តេជ្ញាធានាឲ្យបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្មរបស់កម្ពុជា ក៏ដូចជាពិភពលោកឲ្យកាន់តែប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមប្រធានរដ្ឋមន្ត្រីកសិកម្មអាស៊ាន បានថ្លែងសន្ទរកថា បទអន្តរាគមន៍ស្តីពីការបង្កើតនូវយន្តការដើម្បីអោយមាននិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្មពិភពលោក ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនៃប្រទេសG20 ( G20 Agriculture Minister Meeting)។

ក្នុងបទអន្តរាគមន៍ ឯកឧត្តម បានសង្កត់ធ្ងន់លើយន្តការ និងគោលការណ៍ណែនាំ ក៏ដូចជាបទដ្ឋានបច្ចេកទេស និងលិខិតបទដ្ឋានគិតិយុទ្ធផ្សេងៗជាច្រើនដែលរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បានអនុម័តកន្លងមក និងដាក់អោយប្រទេសជាសមាជិកអាស៊ានអនុវត្ត ដើម្បីធានាអោយបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងពិភពលោក។

ឯកឧត្តម ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងវិធានការទប់ស្កាត់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងជុំរុញការអនុវត្តកសិកម្មឆ្លាតវៃ ក៏ដូចជាលើកកម្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជិថល់កសិកម្មក្នុងទាំងក្នុងការផ្សព្វផ្សាយ ផលិតកម្ម ពាណិជ្ជកម្ម និងគ្រប់ខ្សែរច្រវាក់តំលៃទាំងអស់។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងលើនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាសមាជិកអាស៊ានក្នុងការត្រៀមខ្លួនជាស្រេចដើម្បីកិច្ចសហប្រតិបត្តិការជាមួយសមាជិកនៃបណ្តាលប្រទេសG20 ក៏ដូចជាដៃគូរអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអង្គការអន្តរជាតិទាំងអស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងចីរភាព និងដើម្បីធានានិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្មពិភពលោកថែមទៀត៕ អត្ថបទ៖ សែម ពិសី

Prev Post

វិស័យស្វាយចន្ទីកម្ពុជានឹងកាន់តែមានសក្កានុពល ក្រោយសហព័ន្ធស្វាយចន្ទីត្រូវបានបង្កើតឡើង

Next Post

រដ្ឋ ប្តេជ្ញាខំពង្រឹងកិច្ចសហការអន្តរជាតិ ដើម្បីជំរុញវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែរឹងមាំ

post-bars