រដ្ឋ ប្តេជ្ញាខំពង្រឹងកិច្ចសហការអន្តរជាតិ ដើម្បីជំរុញវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែរឹងមាំ

រដ្ឋ ប្តេជ្ញាខំពង្រឹងកិច្ចសហការអន្តរជាតិ ដើម្បីជំរុញវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែរឹងមាំ

By

រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់ បុគ្គល​ម្នាក់ៗនៅក្នុងសង្គមកម្ពុជា។ទន្ទឹមគ្នានេះ រដ្ឋាភិបាល បានប្តេជ្ញានឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រួមនឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំថែមទៀត។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីពេលថ្មីៗនេះ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាល ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានចាត់ទុកថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅតាមសហគមន៍គឺជាតម្រូវការមួយ នៃតម្រូវការនានាជាច្រើន របស់ក្រសួង-ស្ថាប័ន ដែលគិតគូរពីការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងមូលធនមនុស្ស ត្រូវឆ្លុះបញ្ចាំងឱ្យឃើញជាសកម្មភាពអាទិភាពនៅក្នុងផែនការអភិវឌ្ឍឃុំ សង្កាត់ ។

ទន្ទឹមគ្នានេះ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់ បុគ្គលម្នាក់ៗនៅក្នុងសង្គមកម្ពុជា ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ដែរថា ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យ មួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម ។

ដោយឡែក ចំពោះដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ការដោះស្រាយនូវ ទុក្ខលំបាក ការលើកស្ទួយជីវភាពរស់នៅ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទៀតផង។នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាល ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីពេលថ្មីៗនេះ ក៏បានបញ្ជាក់ដែរថា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសប្តេជ្ញានឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ពិសេសអន្តរជាតិ ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រួមនឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឈានទៅធានាបាននូវភាពធន់នឹងភាពងាយរងគ្រោះ វិបត្តិ និងបញ្ហា ផ្សេងៗ ការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងមានចីរភាពសម្រាប់ ប្រជាជនកម្ពុជាគ្រប់រូប រួមនឹងភពផែនដី និងវិបុលភាពពិភពលោកទាំងមូល៕ ​អត្ថបទ៖ សែម ពិសី

 

Prev Post

កម្ពុជា ប្តេជ្ញាធានាឲ្យបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្ម ក្នុងកិច្ចប្រជុំG20

Next Post

ឯកឧត្តម វេង សាខុន៖ ស្នើតួកគី ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កម្ពុជា

post-bars