វិស័យស្វាយចន្ទីកម្ពុជានឹងកាន់តែមានសក្កានុពល ក្រោយសហព័ន្ធស្វាយចន្ទីត្រូវបានបង្កើតឡើង

វិស័យស្វាយចន្ទីកម្ពុជានឹងកាន់តែមានសក្កានុពល ក្រោយសហព័ន្ធស្វាយចន្ទីត្រូវបានបង្កើតឡើង

By

ក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា រៀបចំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” នៅដើមខែតុលា ខាងមុខនេះ។ទន្ទឹមគ្នានេះ ភាគីពាក់ព័ន្ធបានបង្ហាញក្តីសង្ឃឹមថា វិស័យស្វាយចន្ទីកម្ពុជានឹងកាន់តែមានសក្កានុពល ក្រោយបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាផងដែរ។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង កាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” ដែលធ្វើឡើងក្រោម វត្តមាន លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងវិស័យឯកជនពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងក្នុងកិច្ចប្រជុំណោះ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សមាគមសហព័ន្ធស្វាយចន្ទី គឺជាផ្នែកមួយតំណាងសំឡេងវិស័យឯកជនដ៏សំខាន់ក្នុងវិស័យស្វាយចន្ទី ដូចមានចែងក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងជាកម្លាំងចលករសំខាន់ក្នុងការអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិងពិភពលោក។

ដូចនេះ លោកថា ទើបក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំ ដើមី្បពិនិត្យសេចក្ដីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិងដំណើរការត្រៀមរៀបចំសន្និបាតដែលគ្រោងធ្វើឡើងនៅខែតុលាខាងមុខ និង ប្រឹក្សាសម្របសម្រួលអំពីនីតិវិធីចុះបញ្ជីសហព័ន្ធនៅក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ដែរថា បន្ទាប់មកកិច្ចប្រជុំបានទទួលស្តាប់នូវបទបង្ហាញដែលធ្វើឡើងដោយតំណាងវិទ្យាស្ថានCIRD និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អំពីសារបាន ការរៀបចំសេចក្តីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីនៃការរៀបចំបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ និងដំណើរការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ល។ បន្ទាប់មកកិច្ចប្រជុំ បានបើកកិច្ចពិភាក្សាយ៉ាងផុលផុស លើចំណុចសំខាន់ៗតាមរបៀបវារៈ និងបានពិនិត្យលម្អិតលើសេចក្តីព្រាងលក្ខន្តិកៈដែលបានរៀបចំដោយតំណាងដៃគូអភិវឌ្ឍន៍។

យ៉ាងណា កិច្ចប្រជុំ ក្រសួងពាណិជ្ជកម្ម ក៏បានស្នើឱ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធបន្តសហការជាមួយនឹងក្រសួងពាណិជ្ជកម្ម និងសង្ឃឹមយ៉ាងមុតមាំថាក្រោយបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជានឹងដើរតួនាទីប្រកបដោយបុរេសកម្ម និងច្នៃប្រឌិត រួមចំណែកលើកកម្ពស់ធនធានមនុស្សនិងបច្ចេកទេស និងបន្តទាក់ទាញដៃគូជាតិនិងអន្តរជាតិ ដើមី្បអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា បំពេញតម្រូវការទីផ្សារបញ្ជាទិញក្រៅប្រទេសបន្ថែមទៀត៕ អត្ថបទ៖ សែម ពិសី

Prev Post

កម្ពុជា-អូស្ត្រាលី នឹងប្រើប្រាស់កញ្ចប់ថវិកាជាង៥៨លានដុល្លារ ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជា

Next Post

កម្ពុជា ប្តេជ្ញាធានាឲ្យបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្ម ក្នុងកិច្ចប្រជុំG20

post-bars