កម្ពុជា-អូស្ត្រាលី នឹងប្រើប្រាស់កញ្ចប់ថវិកាជាង៥៨លានដុល្លារ ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជា

កម្ពុជា-អូស្ត្រាលី នឹងប្រើប្រាស់កញ្ចប់ថវិកាជាង៥៨លានដុល្លារ ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជា

By

កម្ពុជានិងអូស្ត្រាលីបានប្រកាសរួមគ្នាអនុវត្តកម្មវិធីអភិវឌ្ឍន៍ថ្មីមួយទៀត ដើម្បីបន្តជួយដល់គ្រួសារងាយរងគ្រោះនៅជនបទបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩ ដែលប្រើប្រាស់កញ្ចប់ថវិកាសរុប៨៧លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង៥៨លានដុល្លារអាមេរិក និងមានអាណត្តិប្រតិបត្តិការរយៈពេល៥ឆ្នាំ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្មវិធីថ្មីនោះមានឈ្មោះថា ភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ Cambodia Australia Partnership for Resilient Economic Development (CAP-RED) ខណៈការបើកដំណើរការកម្មវិធីថ្មីដែរធ្វើឡើងក្រោមវត្តមានលោក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្មអូស្ត្រាលី ចូលរួមជាមួយលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីបានបន្តថា CAP-RED ជាកម្មវិធីថ្មីមានរយៈពេល៥ឆ្នាំ ដែលត្រូវបានបង្កើតឡើងផ្អែកលើជំនួយជាងមួយទសវត្សរ៍របស់អូស្ត្រាលីដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលទើបតែបានបញ្ចប់ថ្មីៗនេះ។ កម្មវិធីទាំងពីរដែលទើបតែបានបញ្ចប់នេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជានៅតាមជនបទជាងពីរលាននាក់។

សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តទៀតថា កម្មវិធី CAP-RED ត្រូវបានបង្កើតឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ទូលំទូលាយជាមួយទាំងវិស័យសាធារណៈ និងឯកជនអំពីមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។ កម្មវិធី CAP-RED នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងៗទៀត បង្កើតគោលនយោបាយនានាដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព។

លោក Tim Ayres បានលើកឡើងថា «ឆ្នាំនេះជាខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ហើយកម្មវិធី CAP-RED ជាភស្តុតាងរឹតតែច្បាស់បន្ថែមទៀតនៃភាពជាដៃគូដ៏យូរអង្វែងរបស់យើងជាមួយប្រទេសកម្ពុជា។ យើងរង់ចាំចែករំលែកចំណេះដឹង និងជំនាញជាមួយសមភាគីកម្ពុជារបស់យើង ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម»។

 

ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ «កម្មវិធី CAP-RED នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ និងផ្នែកពាក់ព័ន្ធនានាក្នុងវិស័យចំនួនបី ដើម្បីជំរុញកំណើន៖ សេវាហេដ្ឋារចនាសម្ព័ន្ធ កសិកម្មនិងកសិ-កែច្នៃ ព្រមទាំងការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាស»។

«កម្មវិធីនេះដែរក៏ផ្តោតសំខាន់ខ្លាំងលើការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង ព្រមទាំងផ្តោតលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមផងដែរ»។ នេះបើតាមខ្លឹមសារបន្ថែមក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា «កម្មវិធី CAP-RED ជាការរួមចំណែកយ៉ាងសំខាន់ទៅដល់របៀបវារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលគាំទ្រដល់ការស្តារឡើងវិញ ភាពធន់ និងកំណែទម្រង់។ កម្មវិធីនេះនឹងលើកទឹកចិត្តដល់ការវិនិយោគសាធារណៈ និងឯកជនប្រកបដោយបរិយាបន្ន ដើម្បីជួយជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានភាពចម្រុះ និងបរិយាបន្ន»។

តាមរយៈភាពជាដៃគូនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រំពឹងថា គ្រួសារកម្ពុជាមួយចំនួន ជាពិសេសគ្រួសារមកពីជនបទ ស្ត្រី កុមារី កុមារ មនុស្សចាស់ ជនមានពិការភាព និងក្រុមងាយរងគ្រោះនឹងមានជីវភាពប្រសើរឡើង៕ ​អត្ថបទ៖ សែម ពិសី

Prev Post

ឯកឧត្តម យឹម ឆៃលី៖ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ…

Next Post

វិស័យស្វាយចន្ទីកម្ពុជានឹងកាន់តែមានសក្កានុពល ក្រោយសហព័ន្ធស្វាយចន្ទីត្រូវបានបង្កើតឡើង

post-bars