ឯកឧត្តម យឹម ឆៃលី៖ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាបន្ទាន់ទី២ ដែលត្រូវដោះស្រាយ

ឯកឧត្តម យឹម ឆៃលី៖ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាបន្ទាន់ទី២ ដែលត្រូវដោះស្រាយ

By

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ការលើកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហា២ ក្នុងចំណោមបញ្ហាបន្ទាន់នានានៅថ្នាក់ក្រោមជាតិ ដែលត្រូវរួមគ្នាដោះស្រាយ។នេះបើតាមប្រសាសន៍របស់ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងក្នុងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាល ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានចាត់ទុកថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅតាមសហគមន៍គឺជាតម្រូវការមួយ នៃតម្រូវការនានាជាច្រើន របស់ក្រសួង-ស្ថាប័ន ដែលគិតគូរពីការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងមូលធនមនុស្ស ត្រូវឆ្លុះបញ្ចាំងឱ្យឃើញជាសកម្មភាពអាទិភាពនៅក្នុងផែនការអភិវឌ្ឍឃុំ សង្កាត់ ។

ទន្ទឹមគ្នានេះ ឯកឧត្តម បានបន្តថា កុមារដែលមានកង្វះអាហារូបត្ថម្ភមិនត្រឹមត្រូវ ប្រឈមនឹងការស្លាប់ ការឈឺ និងការឆ្លងជំងឺច្រើនតែប៉ុណ្ណោះទេ តែថែមទាំងមានបញ្ហាកង្វះប្រាជ្ញាវៀងវៃ មានការលូតលាស់យឺត ហើយរៀនមិនសូវបានចប់ឆ្នាំនៅក្នុងសាលា។ជាក់ស្តែងឯកឧត្តមថា តាមការសិក្សាស្រាវជ្រាវរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី និងស្ថាប័នជំនាញដទៃទៀត ក៍បានបង្ហាញផងដែរថាកង្វះអាហារូបត្ថម្ភអាចធ្វើឱ្យមានការ ប្រឈមដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ហេតុនេះ ឯកឧត្តមអះអាងថា«ការលើកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហា២ ក្នុងចំណោមបញ្ហាបន្ទាន់នានានៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតជោនាយករដ្ឋមន្តី បានខិតខំដោះស្រាយឆ្ពោះទៅរកការរីកចម្រើនលើ វិស័យនេះ ដោយយើងត្រូវអនុវត្តការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន និងអង្គការដៃគូនានា ដើម្បីជួយកាត់បន្ថយកម្រិតនៃកង្វះអាហារូបត្ថម្ភ ក្នុងចំណោមកុមារកម្ពុជា នាំពួកគេឱ្យមានការចាប់ផ្តើមបានល្អទៅរកការមានជីវិតមួយប្រកបដោយភាព ជោគជ័យ» ។

គួរបញ្ជាក់ដែរថា ក្នុងកម្មវិធីនោះដែរ ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម យឹម ឆៃលី ក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី-ខេត្ត មន្ទីរពាក់ព័ន្ធ ដៃគូ អភិវឌ្ឍន៍ សង្គមស៊ីវិល ក្រុមប្រឹក្សាឃុំ-សង្កាត់ សូមបន្តកិច្ចសហការ និងចូលរួមជាមួយក្រុមប្រឹក្សាស្តាររអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីឈានទៅសម្រេចបាននូវការលើកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅម្ពុជា៕

អត្ថបទ៖ សែម ពិសី

Prev Post

គម្រោងប្រព័ន្ធទឹកស្អាត តម្លៃ៣លានដុល្លារ រួមចំណែកលើកកម្ពស់អាហារូបត្ថម្ភពលរដ្ឋនៅតំបន់រុនតាឯក

Next Post

កម្ពុជា-អូស្ត្រាលី នឹងប្រើប្រាស់កញ្ចប់ថវិកាជាង៥៨លានដុល្លារ ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជា

post-bars