ឯកឧត្តម វេង សាខុន៖ ស្នើតួកគី ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កម្ពុជា

ឯកឧត្តម វេង សាខុន៖ ស្នើតួកគី ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កម្ពុជា

By

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានស្នើទៅកាន់ក្រសួងកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កម្ពុជា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មកសិកម្ម និងការធ្វើធុរកិច្ចប្រទេសទាំង២ ឲ្យកាន់តែប្រសើរឡើង។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មប្រទេស G20 កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ រវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Vahit Kirisci  រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី។

ជាមួយគ្នានេអ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជំរុញអោយមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេកទេសវិទ្យាសាស្ត្រ និងបទពិសោធន៍តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សាររវាង អ្នកគោលនយោបាយ អ្នកបច្ចេកទេស អ្នកស្រាវជ្រាវ និងជាពិសេសអ្នកវិនិយោគ វិស័យឯកជន ដើម្បីជំរុញការធ្វើពាណិជ្ជកម្មកសិកម្ម និងការធ្វើធុរកិច្ចនៃប្រទេសទាំង២។ជាងនេះទៀត ឯកឧត្តម ក៏បានស្នើសមភាគីតួកគី ជួយផ្តល់អាហាររូបករណ៍ និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កម្ពុជា។

ជាការឆ្លើយតបវិញ ឯកឧត្តម Vahit Kirisci  រដ្ឋមន្ត្រីកសិកម្មតួកគី បានលើកឡើងថា នឹងទទួលយកនូវសំណើររបស់កម្ពុជា និងជំរុញឲ្យក្រុមប្រឹក្សាកសិកម្មនៃក្រសួងកសិកម្មនៃប្រទេសទាំង២ ពិភាក្សា និងកំនត់នូវវិស័យសំខាន់ៗបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំង២ កាន់តែរឹងមាំ និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិក និងប្រជាជននៃប្រទេសទាំង២។

គួរបញ្ជាក់ដែរថា ក្នុងជំនួបខាងលើនោះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្ត និងបានកំណត់នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំង២ ដោយជំរុញអោយក្រុមប្រឹក្សាកសិកម្មនៃប្រទេសទាំង២ រៀបចំកិច្ចប្រជុំលើកទី១ នៅក្នុងខែតុលា ឆ្នាំ២០២២ ដើម្បីកំណត់នូវអនុវិស័យអាទិភាពសំខាន់ៗសម្រាប់ពង្រីកការធ្វើកិច្ចសហការរវាងប្រទេសទាំង២ថែមទៀត៕ អត្ថបទ៖ សែម ពិសី

Prev Post

រដ្ឋ ប្តេជ្ញាខំពង្រឹងកិច្ចសហការអន្តរជាតិ ដើម្បីជំរុញវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែរឹងមាំ

Next Post

អំពើបន្លំផ្ទេរប្រាក់ពីគណនីធនាគារជនរងគ្រោះតាមរយ:សារអេឡិចត្រូនិក (Email)!

post-bars